10/07/2015

ព្រះវិស្ណុ

ព្រះវិស្ណុ ឬហៅថាព្រះនារាយណ៍ : អាទិទេពស្រោចស្រង់ពិភពលោក ទ្រទ្រង់ពិភពលោក ចម្រើនពិភពលោក
….
ព្រះវិស្ណុ ជាព្រះអាទិទេពដ៏សំខាន់ក្នុងសាសនាព្រាហ្មណ៍តាមបែបហិណ្ឌូនិយមក្នុងចំណោមព្រះអាទិទេពទាំងបីអង្គគឺ ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ ឬព្រះឥសូរ។ តាមឯកសារនៃព្រហ្មណ៍សាសនា តួនាទីរបស់ព្រះវិស្ណុ (ព្រះនារាយណ៍) គឺនៅពេលដែលផែនដីកើតហើយ ព្រះវិស្ណុ មានបេសកកម្មរបស់ព្រះអង្គជាអ្នកថែរក្សាការពារ និងរៀបចំលោក។ ឯកសារខ្លះទៀតបានបង្ហាញថា ព្រះវិស្ណុមានតួនាទីទ្រទ្រង់លោក ឬបង្កើតនូវវឌ្ឍនភាពនៃលោកនេះអោយមានការរីកចម្រើនដោយឆ្លងផុតពីគ្រោះភ័យនិងឧបទ្រពចង្រៃទាំងពួង។
លក្ខណៈពិសេសសំគាល់ព្រះវិស្ណុ៖
-
មានព្រះកេសមួយ
-
មានព្រះហស្ថ ២ ឬ៤ ឬ៨
-
ម្កុដមូលវែង
-
ពាហនៈជាយានជំនិះ សត្វគ្រុឌ ឫពស់ (សេសៈ)
-
វិមាន ឋានវៃកុណ្ធៈ
-
កេតនភណ្ឌ : កងចក្រ ដំបង ផ្កាឈូក ខ្យងស័ង្ខ ធ្នូ ដាវ
-
មហេសី : នាងលក្ម្សី ទេវតាតំណាងទ្រព្យសម្បត្តិ និងនាងស្រី ទេវតាតំណាងសោភ័ណភាព
ព្រះវិស្ណុមានអវតា១០ គឺ៖
១.មត្ស្យ (Matsya) : ជាត្រីជួយស្រោចស្រង់ជីវិតមនុស្សអោយរួចផុតពីទឹកជំនន់ ដែលបង្កើតឡើងដោយយក្សឈ្មោះថា ហយគ្រីវះ
២. កុម៌ (Kurma) : ជាអណ្តើកជួយធ្វើកំណល់ភ្នំមន្ទរៈ អោយទេវតា និងយក្សយកនាគឈ្មោះ វាសុកៈ បង្វិលភ្នំកូរសមុទ្រទឹកដោះ អោយខះរីងហួត ដើម្បីយកទឹកអម្រិតផឹកកុំអោយស្លាប់។
៣. វារាហៈ (Varaha) ជាជ្រូកព្រៃ បានបំផ្លាញហិរណយក្សដែលប៉ុនប៉ងរំលាយលោក អោយទៅជាទឹកសមុទ្រ។
៤. នរៈសិង្ហ (Narasinha) ជាមនុស្សសិង្ហ ក្បាលមនុស្សខ្លួនសិង្ហ បានបំផ្លាញយក្ស ដែលធ្វើបាបទេវតា។
៥. វមន (Vamna) ជាមនុស្សតឿ បានប្រើកលល្បិចសុំដីយក្ស ៣ជំហាន ទុកអោយមនុស្សនៅ។
៦.បរសុរាម (Parachurama) ជារាមពូថៅ បានបង្រ្កាបក្សត្រអរជុន
៧. រាម (Rama) ជាព្រះរាម ក្នុងរឿងរាមាយណៈ បង្រ្កាបក្រុងរាពណ៍។
៨. ក្រឹស្ណ (krisna) ជាក្រឹស្ណ បានជួយមនុស្សអោយរួចពីកណ្តាប់ដៃស្តេចកំណាចឈ្មោះ កប្សៈ (Kamsa) ក្នុងរឿងភារតយុទ្ធ។
៩. ពុទ្ធ (Budha) ជាព្រះពុទ្ធ បានជួយស្រោចស្រង់ដាស់តឿនមនុស្សអោយស្គាល់បុណ្យបាប អាក្រក់ល្អ ផុតចាកបាបកម្ម។ល។ (ព្រះពុទ្ធ ពុំមែនជាអវតារព្រះវិស្ណុនោះទេ តែពួកព្រាហ្មណ៍ ដោយបានឃើញព្រះពុទ្ធមានឥទ្ធិពល មានអនុភាពខ្លាំងក្លា ក៏បានបញ្ចូលព្រះអង្គជាអវតាព្រះវិស្ណុ)
១០. កល្កិន (Kalkin) ជាមនុស្សសេះ គឺខ្លួនមនុស្សក្បាលសេះ។ អវតានេះមិនទាន់បានចាប់បដិសន្ធិលើលោកយើងទេ ព្រោះការមកដល់របស់អវតានេះ ប្រៀបដូចជាចុងបញ្ចប់នៃផែនដី។ កល្កិនមានមុខងារជាអ្នកកាត់ទោសសភាវៈអាក្រក់ដោយដាក់ទណ្ឌកម្មនិងអោយរង្វាន់ដល់សភាវៈល្អដើម្បីរៀបចំយុគមាស។


No comments:

Post a Comment